លោកជំទាវ ជូ ប៊ុនអេង បួងសួងសុំសេចក្ដីសុខដល់ប្រជាជន និងកងទ័ពខេត្តបន្ទាយមានជ័យដែលកំពុងឈរជើងនៅព្រំដែន
AKPបន្ទាយមានជ័យថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៥
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំប្រតិភូ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមមានឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ទៅកាន់រង្វង់មូលព្រះអវលោកិតេស្វរៈដៃ៣២ ស្ថិតក្នុងក្រុងសិរីសោភ័ណកាលពីល្ងាចថ្ងៃសីល ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ ដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព ដល់ប្រជាជនកម្ពុជាទូទៅ ជាពិសេសដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ។

ពិធីដ៏មានសារៈសំខាន់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាពជាតិ និងកម្លាំងចិត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាពុះពាររាល់បញ្ហាប្រឈម ជាពិសេសស្ថានភាពតានតឹងដែលកំពុងកើតមាននៅតំបន់ព្រំដែន។ លោកជំទាវបានមានប្រសាសន៍ថា" ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងន័យបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពសុខដុមរមនាជូនជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបន់ស្រន់ចំពោះវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសព្រះអវលោកិតេស្វរៈដៃ៣២ ដែលជាទីសក្ការៈបូជារបស់ប្រជាជននៅទីនេះ សូមជួយថែរក្សាកងទ័ពយើងដែលកំពុងឈរជើងការពារជាតិមាតុភូមិ និងប្រជាជននៅតាមព្រំដែនទាំងអស់ សូមឲ្យជួបតែសេចក្ដីសុខ សុវត្ថិភាព និងរួចផុតពីគ្រោះថ្នាក់ទាំងឡាយ"។

បន្ថែមពីនេះ លោកជំទាវបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កងទ័ព ដែលបានពលីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លានេះ។ លោកជំទាវបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ការគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ពិធីបួងសួងនេះ មិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាមួយបង្ហាញពីការរួបរួមគ្នារបស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការថែរក្សាសន្តិភាព និងសុវត្ថិភាពសម្រាប់ប្រទេសជាតិ។ វាបានក្លាយជាកម្លាំងចិត្តដ៏ធំធេងដល់ប្រជាជន និងវីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចដ៏លំបាក ក្នុងន័យការពារអធិបតេយ្យភាពរបស់កម្ពុជា៕
ដោយ ៖ឈុនសារ៉ាត





