អភិបាលស្រុកស្ទោងព្រះមន្ត្រីសង្ឃ និងសមាគមមិត្តភាពសារព័ត៌មានអាស៊ាន ប្រគល់ម៉ូតូ៣គ្រឿងជូនវីរកងទ័ពជួរមុខ
AKP កំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងសហការី និងលោក ហ៊ាង លីហាក់ គណៈកម្មការសមាគមមិត្តភាពសារព័ត៌មានអាស៊ាន បាននិមន្ត និងអញ្ជើញប្រគល់ម៉ូតូ៣គ្រឿងជូនវីរកងទ័ពជួរមុខនិងចូលរួមរំលែកមរណទុក្ខវីរកងទ័ពជួរមុខ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

លោក សាយ គឹមឡម ក្នុងនាមរដ្ឋបាលស្រុកស្ទោង និងក្នុងនាមសមរភូមិក្រោយ តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព លើកកម្ពស់ស្មារតីជាតិនិយមដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបជាពិសេសនៅក្នុងស្រុកស្ទោងត្រូវរួបរួមសហការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារបូរណភាពទឹកដីជាពិសេសគាំទ្រ និងលើកទឹកចិត្តវីរកងទ័ពជួរមុខគ្រប់ពេលវេលា និងគ្រប់សមរភូមិ។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ថ្វីដ្បិតពេលនេះម៉ូតូមានចំនួនតិចក្តីក៏ប៉ុន្តែនេះគឺជាស្មារតីរួបរួមសហការគ្នារវាងរដ្ឋបាលស្រុស្ទោង ព្រមទាំងព្រះមន្ត្រីសង្ឃនិងសប្បុរសជនជិតឆ្ងាយដែលបានសហការគ្នាដើម្បីលើកកម្ពស់សុខុមាលភាព សម្រាលការលំបាកកងទ័ព និងប្រសិទ្ធភាពការងារនៅក្នុងអង្គភាពផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង និងវីរកងទ័ពយើងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ និងសប្បុរសជនដែលបានចូលរួមសហការឧបត្ថម្ភម៉ូតូជូនវីរ:យុទ្ធជននៅក្នុងឱកាសនេះ ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបានជាពិសេសនិងជួយសម្រាលការងារព្រមទាំងប្រសិទ្ធភាព ការងាប្រើប្រាស់រួមនៅក្នុងអង្គភាពឱ្យកាន់តែប្រសើរឡើងគ្រប់កាល:ទេស:។

សូមបញ្ជាក់ថា លោកអភិបាលស្រុកស្ទោងបានឧបត្ថម្ភម៉ូតូ៣គ្រឿងជូនដល់វីរកងទ័ពយើង៣នាក់មានឈ្មោះ៖ ១. វរសេនីយ៍ត្រី ប៉ាល់ មឿន នាយរងការិយាល័យអភិវឌ្ឍន៍កងពលតូចអន្តរាគមន៍លេខ៩ ២. អនុសេនីយ៍ទោ តុង ជា មេបញ្ជាការងអនុសេនាធំទី៣វរសេនាតូច៣៨៤ ឈរជើងនៅកងពលលេខ៨ និង៣. ពលបាលឯក កាក់ ធា យុទ្ធជននៅតំបន់មុំ៣ ហើយលោកអភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយវីរយុទ្ធជន កង ធា ដែលម្ដាយរបស់លោកបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន១លាន៣៨ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា





