រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំការងារជាមួយអង្គការសមាគម
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំការងារចាំបាច់ជាមួយអង្គការសមាគមដែលមានសកម្មភាពនៅក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរូមពី លោកនាយកទីចាត់ការអន្តរវិស័យខេត្ត តំណាងអង្គការសង្គមស៊ីវិល លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ជាច្រើនាក់ផងដែរ។

នៅក្នុងឱកាសនោះ លោក ជា សុខរិទ្ធិ បានលើកឡើងថា សមាគមក្នុងស្រុកសំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។

ទន្ទឹមនឹងនេះ លោកបានបន្តថា ច្បាប់នេះមានគោលបំណងធានា ការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជានិងនៅក្នុងខេត្ត ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងសមាម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ការរៀបរាប់ដោយសង្ខេបព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ បានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្ស គឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោកាលប្បវត្តិ នឹងត្រូវបានអាជ្ញាធរខេត្តជួយសម្របសម្រួលដំណើរការទៅដោយរលូន ៕

ដោយ បៃ ស៊ីថុន





