រដ្ឋមន្ត្រីក្រសួងអប់រំជំរុញនិស្សិតអាហារូបករណ៍បន្តការសិក្សានៅប្រទេសហុងគ្រីឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយក្រុមនិស្សិតអាហារូបករណ៍ (Stipendium Hungaricum) ចំនួន១៦រូបមុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសហុងគ្រី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានជំរុញឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងល្អៗមកអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនបន្ថែមទៀត។

ក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរដល់និស្សិតអាហារូបករណ៍ (Stipendium Hungaricum)ទាំងអស់ ដែលទទួលបានឱកាសបន្តការរៀនសូត្រនៅប្រទេសហុងគ្រីនាពេលខាងមុខនិងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការសិក្សានៅបរទេសដូចជា ការថែទាំសុខភាពឱ្យបានល្អ ត្រៀមសំលៀកបំពាក់ឱ្យបានរួចរាល់ និងការហូបចុកឱ្យបានត្រឹមត្រូវ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់ ត្រៀមខ្លួនរួចរាល់សម្រាប់ការរស់នៅនិងការរៀនសូត្រក្នុងបរិបទថ្មី។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីប្រវត្តិនៃការវិវត្តន៍ប្រព័ន្ធអប់រំនៃប្រទេសហុងគ្រីមកទល់ពេលបច្ចុប្បន្ននេះ ដែលជាប្រព័ន្ធអប់រំអឺរ៉ុបមួយដែលត្រូវបានទទួលស្គាល់ពីគុណភាព និងប្រសិទ្ធភាព ក៏ដូចជាតម្លៃនៃការអប់រំជាសកល ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម ផលិតកសិកម្ម និងផ្នែកជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា សម្រាប់ការសិក្សានៅក្នុងថ្នាក់ប្អូនៗត្រូវមានភាពក្លាហានហ៊ានគ្រូនៅពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យបានច្បាស់លាស់ ដូចជាការសង្ខេបមេរៀន ស្វែងយល់ពីវប្បធម៌គេ តែកុំភ្លេចវប្បធម៌ខ្លួនឯង មានភាពអត់ធ្មត់ក្នុងការរស់នៅ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាឱ្យបានល្អ ទាំងការកម្សាន្ត និងការរៀនសូត្រ ជាពិសេសប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





