អាជ្ញាធររាជធានីភ្នំពេញ៖ ហាមជក់បារីនៅលើផ្លូវថ្មើរជើងចតុមុខចាប់អនុវត្ដខែកញ្ញានេះ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- អាជ្ញាធររាជធានីភ្នំពេញ បានហាមជក់បារីនៅលើផ្លូវថ្មើរជើងចតុមុខ ចាប់អនុវត្ដនៅខែកញ្ញានេះហើយ។ ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងវិធាន ការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារីនៅផ្លូវថ្មើរជើងចតុមុខ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីបងប្អូនជាអាជីករដែលបាននិងកំពុងធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិ និងបរទេស មកដើរលេងកម្សាន្តច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ដើម្បីឱ្យផ្លូវថ្មើរជើងចតុមុខកាន់តែល្អប្រសើរ ទទួលបានភាពពេញនិយមមួយកម្រិតថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមការយកចិត្តទុកដាក់លើការបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានមួយកម្រិតថែមទៀត។ ជាងនេះទៅទៀតនៅពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយស្តីពីការអនុវត្តគម្រោង ពង្រឹងវិធាន ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ នេះថែមទៀត។

ឯកឧត្ដមបានបញ្ជាក់ថា ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ នេះធ្វើឡើងតែនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទី។ ផុតពីថ្ងៃ និងម៉ោងនេះពួកគាត់អាចជក់បាន ហើយក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃហាមនេះដែរ ពួកគាត់ក៏អាចជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់បានដែរ តែការជក់នោះ ត្រូវចេញឱ្យផុតពីផ្លូវថ្មើរជើងចតុមុខ ដើម្បីកុំឱ្យរំខានគេដោយការបំពុលពីផ្សែងបារីនេះ។ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះហើយ។

ឯកឧត្ដម ហួត ហៃ បានបន្ថែមទៀតថា គោលបំណងនៃសិក្ខាសាលាខាងលើនេះគឺដើម្បីឱ្យបងប្អូនជាអាជីករដែល បាន និងកំពុងធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ បានយល់ដឹង និងចូលរួម ដើម្បីធ្វើឱ្យគម្រោងនៃការហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅលើផ្លូវថ្មើរជើងចតុមុខនេះ ទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានធ្វើបទបង្ហាញពីសេចក្តីណែនាំមួយស្តីពីការអនុវត្តគម្រោង ពង្រឹងវិធាន ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខផងដែរ៕
ដោយ សួស សំរិត





