ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប និងសប្បុរសជនប្រគល់ម៉ូតូចំនួន៣គ្រឿងជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP សៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយសប្បុរសជនខ្មែរឥស្លាម នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានធ្វើការប្រគល់ម៉ូតូថ្មីចំនួន៣គ្រឿង និងស្បៀងអាហាររួមថវិកាមួយចំនួនទៀតជូនបងប្អូនវីរកងទ័ពខ្មែរឥស្លាមចំនួន៣រូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថា ម៉ូតូចំនួន៣គ្រឿងដែលធ្វើការប្រគល់ជូនដល់បងប្អូនកងទ័ពខ្មែរឥស្លាមយើងនាពេលនេះគឺបានមកពីសប្បុរសជនខ្មែរឥស្លាមឈ្មោះ ហាជី ម៉ាត់ កូប និងក្រុមគ្រួសារ រស់នៅភូមិស្ទឹងថ្មី ដែលមានចិត្តបេះដូងខ្មែរស្រលាញ់ខ្មែរក្នុងជាតិសាសន៍តែមួយ និងដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីផងដែរ។


ឯកឧត្តម អែល សៀត បន្តថា ជាមួយនឹងការប្រគល់ម៉ូតូជូនដល់កងទ័ពជួរពេលមុខនេះដែរ ក៍មានបងប្អូនសប្បុរជនខ្មែរឥស្លាមជាច្រើនក្នុងស្មារតីស្រឡាញ់ជាតិបាននាំគ្នាជួយបរិច្ចាគគ្រឿងឧបភោគបរិភោគ និងថវិកាដែលផ្តល់រយៈឯកឧត្តមផ្ទាល់ដើម្បីយកទៅជូនដល់វីរកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃកន្លងជាច្រើនផងដែរ៕
ដោយ ឃុត សៅ





