ខេត្តកំពង់ចាមបើកកិច្ចប្រជុំផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីការត្រៀមបង្ការជាមុនចំពោះគ្រោះមហន្តរាយ
AKP កំពង់ចាម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីការត្រៀមបង្ការជាមុនចំពោះគ្រោះមហន្តរាយក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ខេត្តកំពង់ឆ្នាំង និង (គ.ជ.គ.ម) ក្រុង-ស្រុក-ឃុំ-សង្កាត់ផងដែរ។

ក្នុងពិធីនោះឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថាកិច្ចប្រជុំផ្សព្វផ្សាយ និងការបណ្តុះបណ្តាលស្តីពីការត្រៀមបង្ការជាមុន ចំពោះគ្រោះមហន្តរាយពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ដើម្បីត្រៀមបម្រុងជាមុនស្រេច នូវធនធាន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះអាសន្នកើតឡើង។


ឯកឧត្តមអគ្គលេខាធិការរងក៏បានណែនាំដល់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្រៀនរបស់ក្រុមគ្រូសម្របសម្រួលថ្នាក់ជាតិ ដើម្បីបានជាបទពិសោធន៍ជាមេរៀនសំខាន់ៗ យកទៅអនុវត្តការងារ និងប្រមូលបាននូវទិន្នន័យក្នុងប្រព័ន្ធទាន់ហេតុការគ្រោះមហន្តរាយ ដើម្បីការចុះធ្វើ អន្តរាគមន៍បាន ទាន់ពេលវេលា ក្នុងករណីហេតុការណ៍ណាមួយកើតឡើងក្នុងមូលដ្ឋាន និងសហគមន៍របស់ខ្លួន៕
ដោយ ឆាយ ម៉ុត





