លោកជំទាវ ម៉ែន នារីសោភ័គ អនុញ្ញាតឱ្យប្រតិភូសាខាកាកបាទក្រហមខេត្តស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសាខាកាកបាទក្រហមខេត្តស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Wen Qi អគ្គនាយករងនាយកដ្ឋានការងារសង្គមនៃគណ:កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តស្វយ័តក្វាងស៊ី និងប្រតិភូចំនួន៥នាក់ទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវអគ្គលេខាធិការរងទី១បានឱ្យដឹងថា គោលបំណងនៃជំនួបរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមក្វាងស៊ី គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកជំទាវបន្តថា ចំណុចដែលលោកWen Qi លើកឡើង មានការចាប់អារម្មណ៍២ចំណុច គឺ៖ ទី១. លោកមានគម្រោងចំនួន១០២ នៅក្នុងប្រទេសអាស៊ាន ហើយកម្ពុជាពេលបច្ចុប្បន្ននេះ ក្រោយពីពេលមានស្ថានភាពនៅព្រំដែន គោលបំណងរបស់រាជរដ្ឋាភិបាលចង់ឱ្យតំបន់នេះគឺជាតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ហើយស្របនឹងទិសរបស់ខេត្តក្វាងស៊ី ដែលមានការងារចម្បងៗជាច្រើន នៅក្នុងនោះគឺមានការពង្រឹងសេដ្ឋកិច្ចសហគមន៍ឱ្យបានរឹងមាំ ប្រជាពលរដ្ឋមានជីវភាពធូរធារ។ លោកបានលើកឡើងពីគោលបំណងបញ្ជូនអ្នកស្ម័គ្រចិត្តដែលមានបច្ចេកទេស និងមានជំនាញដើម្បីចុះមកកម្ពុជាយើង។ លោកជំទាវបានស្នើសុំឱ្យអ្នកស្ម័គ្រចិត្តនេះចុះទៅមើលតាមតំបន់ព្រំដែន ព្រោះថាកន្លែងនោះមានប្រជាពលរដ្ឋពេលនេះត្រឡប់ទៅភូមិឋានវិញហើយ ដូចនេះយើងត្រូវគិតថាអំណឺះតទៅ តើជីវភាពរបស់គាត់យ៉ាងម៉េច ដើម្បីជួយគាត់ឱ្យមានជីវភាពល្អប្រសើរឡើង ពិសេសទិសដៅឆ្ពោះឱ្យមានភាពធន់ខាងផ្នែកកសិឧស្សាហកម្ម ដែលជាការរួមចំណែកឱ្យជីវភាពគាត់បានធូរធារផង ក៏ជួយសេដ្ឋកិច្ចឱ្យរឹងមាំនៅតាមតំបន់អស់ទាំងនោះផង ដូចនេះស្នើសុំកម្លាំងអ្នកស្ម័គ្រចិត្តជំនាញ របស់គាត់សូមឱ្យចុះមកសិក្សាជាមុនសិន។ ទី២. ការចាប់អារម្មណ៍របស់ប្រតិភូទៅលើកុមារ ហើយនិងស្ត្រី ដែលសព្វថ្ងៃនេះ កុមារនិងស្ត្រី គឺជាការងារដែលយើងអប់រំពិសេសសុខុមាលភាព គឺជាកាងារដែលកាកបាទក្រហមកម្ពុជា កំពុងផ្តោតលើរឿងនេះ ដោយសារតែពីមួយខែទៅមួយខែយើងមានសកម្មភាពចុះអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពស្ត្រីនិងកុមារ ហើយបច្ចុប្បន្ននេះក្រសួងកិច្ចការនារីក៏បានប្រកាសឱ្យក្រសួងមួយៗ កន្លែងធ្វើការនីមួយៗ ឬសហគមន៍មួយបង្កើតឱ្យទារកដ្ឋានឬមតេយ្យ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានកូនតូចគាត់យកទៅដាក់នៅទីនោះ ទទួលបានការអប់រំផង ហើយម្តាយអាចមានពេលវេលាប្រកបអជីវកម្មបាន។ បើអាចជួយបង្កើតឱ្យមានមតេយ្យនេះឡើងនៅតាមសហគមន៍ ដើម្បីឱ្យម្តាយមានពេលវេលាក្រៅពីសុខភាពដែលគាត់ត្រូវទៅមណ្ឌលសុខភាព គឺកន្លងមកគាត់មានសិប្បកម្មដូចជាត្បាញកន្ទេល ត្បាញក្រមា ប៉ុន្តែកន្លងមកមានអង្គការមួយចំនួនជួយ តែដល់ពេលផុតពីមានអង្កការជួយ ពួកគាត់ខ្វះយន្តការឬការពង្រឹង តែពេលដែលគាត់ធ្វើហើយអត់មានទីផ្សារ ដូច្នេះយើងត្រូវរករបរឱ្យគាត់ ឧទាហរណ៍ប្រាក់កម្ចី គឺយើងបានជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារគាត់អាចយកទៅធ្វើអាជីវកម្មខ្នាតតូច ចិញ្ចឹមសត្វ ដាំបន្លែ ដោយយើងមិនយកការប្រាក់ ឬបង្កើតកន្លែងដេរ កន្លែងកាត់សក់ ជាដើម។ ដែលកន្លងមកយើងធ្លាប់បានអនុវត្តនៅក្នុងខេត្តព្រះវិហារ គឺជាកន្លែងដែលមានបញ្ហាប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន។

ពេលបច្ចុប្បន្ននេះនៅពេលដែលប្រជាពលរដ្ឋត្រឡប់ទៅវិញគឺយើងកំពុងតែពិនិត្យមើលថាតើគាត់មានតម្រូវការអ្វីខ្លះក្នុងការកសាងជីវភាពឡើងវិញ ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលចង់ឱ្យតំបន់នេះមានសេដ្ឋកិច្ចរឹងមាំ។ អ្នកស្ម័គ្រចិត្តដែលមកពីក្វាងស៊ីដែលត្រូវរើសមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវសំណូមពរឱ្យរើសអ្នកស្ម័គ្រចិត្តដែលមានជំនាញ ដើម្បីមកធ្វើទស្សនកិច្ចហើយ ចុះទៅសិក្សារួមគ្នាពិនិត្យមើលថាតើមុខរបរណា ដែលពួកគាត់អាចចាប់ផ្តើមយកបាន ហើយចាប់ផ្តើមជាការសាកល្បងនៅកន្លែងមួយសិន បើបានជោគជ័យទើបយើងអាចពង្រីកបានទៅទៀត ទាំងនេះគឺជាចំណុចដែលចាប់ផ្តើមនៅក្នុងកិច្ចសហប្រតិបត្តិការ។

លោកជំទាវបានគូសបញ្ជាក់ថា ជាឧទាហរណ៍ប្រសិនបើលោក Wen Qi យកខាងខេត្តព្រះវិហារជាមួយក្វាងស៊ី បានន័យថាស្ពានមិត្តភាពក្វាងស៊ី-ព្រះវិហារ ពិតជាមានអត្ថន័យនិងសារៈសំខាន់ខ្លាំងណាស់ ដោយសារខេត្តព្រះវិហារយើងមានប្រាសាទព្រះវិហារដែលជាមរតកប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ការកសាងហេដ្ឋារចនាសម្ព័ន្ធ តម្រូវការពង្រឹងខាងផ្នែកសង្គ្រោះបឋមយកទៅជាភាពធន់ ពីព្រោះថាពីផ្ទះមួយទៅផ្ទះមួយមានចម្ងាយរាប់សិបគីឡូម៉ែត្រពីគ្នា ដូចនេះតម្រូវការជួយផ្នែកសុខភាពមានសារៈសំខាន់។ ចំណុចមួយទៀតខាងប្រតិភូមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកមើលខាងព្យាបាលភ្នែក ដូចច្នេះប្រសិនជាគាត់នាំក្រុមគ្រូពេទ្យមក នៅកម្ពុជាយើងមានក្រសួងសុខាភិបាលបានពង្រីកសេវារបស់ខ្លួនហើយ ក៏ប៉ុន្តែប្រៀបធៀបទៅបញ្ហាប្រឈមសុខភាពសាធារណៈបច្ចុប្បន្ននេះ ហើយក្នុងស្ថានភាពនៅក្នុងមណ្ឌលសុវត្ថិភាពប្រឈមទឹកភ្លៀងផងក្តៅផង ធ្វើឱ្យមានជំងឺ ប្រសិនបើក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកគឺយើងស្វាគមន៍ ព្រោះអាចជួយដល់ប្រជាពលរដ្ឋនៅតាមជនបទ ព្រោះនៅជនបទមណ្ឌលសុខភាពក៏ឆ្ងាយ ហើយអ្នកខ្លះក៏មិនមានលទ្ធភាព ហើយនៅកម្ពុជាយើងមានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តតែងតែចុះជួយផងដែរ តែប្រសិនបើមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្វាងស៊ីទៀតកាន់តែប្រសើរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





