អគ្គនាយក CMAC៖ ថៃខិតខំកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥--ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)បានលើកឡើងថា ថៃខិតខំកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី ហើយសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84 ទម្ងន់ជិតមួយតោន ថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកស៊ីលាបពណ៌ថៃដោយយកគ្រាប់បែក MK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ។ ប៉ុន្តែជាក់ស្តែងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យនេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែក MK-82 ទម្លាក់នៅវត្តតាមន្តសែនជ័យ ផលិតនៅឆ្នាំ២០២៣។ ការលើកឡើងរបស់ឯកឧត្ដមអគ្គនាយក CMAC បែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម ហេង រតនា បានថ្លែងបញ្ជាក់ថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣ កើតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMAC ដោះបន្សាបនាពេលខាងមុខ។

ចំណុចមួយទៀត ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងផងដែរថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥ មីលីម៉ែត្រ គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មរ រៀបចំជីករណ្តៅបង្ហាញដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។

ពាក់ព័ន្ធឹងបញ្ហាគ្រាប់មីន ឯកឧត្ដមបានគូសបញ្ជាក់ថា សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ ហើយយកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះ។

ជាមួយគ្នានេះ ឯកឧត្ដម ហេង រតនា បានសង្កត់ធ្ងន់ថា៖ «មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AI នេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែក MK-82, MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់»៕

ដោយ៖ ប៊ុនរិទ្ធ





