ប្រជាពលរដ្ឋ៥០គ្រួសារនៅឃុំក្តីដូងបានទទួលអំណោយមនុស្សធម៌ពីអង្គការlJM
AKP កំពង់ធំ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- លោកស្រីលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុសធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (lJM) ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ពលករធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ និងគ្រួសារជួបកាលំបាករស់នៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក ជុំ សាឯម នាយកប្រចាំប្រទេសអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) លោក យិន ប៊ុនរ័ត្ន អនុប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំក្រុមការងារថ្នាក់ឃុំ លោកមេភូមិនិងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។

លោក ជុំ សាឯម នាយកប្រចាំប្រទេសអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM) បានកោតសរសើរ និងការដឹងគុណបងប្អូនគ្រួសារវីរកងទ័ពជួរមុខចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជានិងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ានព្រមទាំងបានថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់គ្រួសារភៀសសឹកនិងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ។ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករ នឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (lJM)ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ស៊ុបខ្នុរ ត្រីខកំប៉ុង សាច់ក្រក សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ និងកន្សែងពោះគោ៕

ដោយ ស៊ុម វណ្ណា





