ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីរដ្ឋខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីរដ្ឋខេត្តកំពង់ធំស្តីពីលទ្ធផលនៃការផ្តល់សុពលភាពនិងអនុម័តលើបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច ឃុំគោល ស្រុកប្រាសាទសំបូរនិងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង សំដៅប្រែក្លាយគម្រោងនេះឱ្យក្លាយជាគម្រោងគំរូមួយកាលពីថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយក្រុមការងារចុះជួយស្រុក សូមពិនិត្យឡើងវិញនូវបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច នៃគម្រោង LASED IIIនេះឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាធានាថាមុខសញ្ញាអ្នកទទួលដីសម្បទាននេះ គឺជាជនក្រីក្រពិតប្រាកដ ដែលគ្មានដីឬខ្វះខាតដីសម្រាប់សាងសង់លំនៅឋានឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងធ្វើការការវិនិច្ឆ័យនិងនីតិវិធីជ្រើសរើសមុខសញ្ញាអ្នកទទួលដីដែលត្រូវអនុវត្តន៍ក្នុងការវាយតម្លៃ និងដាក់ពិន្ទុឱ្យបានត្រឹមត្រូវ យុត្តិធម៌ មិនលំអៀង។ឯកឧត្តមក៍បានជំរុញដល់ក្រុមការងារនៃគម្រោង LASED III ត្រូវធ្វើកិច្ចការងារនេះឱ្យបានលឿន រួចរាល់នៅចុងឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះឯកឧត្តម នួន ផារ័ត្នបានបញ្ជាក់បន្ថែមដល់មន្ត្រីរាជការទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ សូមដកខ្លួនចេញជាបន្ទាន់ ហើយក្នុងករណីដែលរកឃើញថាមានមន្ត្រីណាម្នាក់មានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនិងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕


ដោយ៖ ស៊ុម វណ្ណា





