សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤(២០២៥-២០៣០) ខណៈឯកឧត្តម តុប សំ ត្រូវជាប់ឆ្នោតជាអនុប្រធាន។

ពិធីបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣កន្លងមកផងដែរ ។ ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន២រូបនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺឯកឧត្តម ឡាយ សំកុល ក៏ត្រូវបានជ្រើស តាំងដោយព្រឹទ្ធសភា និងឯកឧត្តម ជីវ កេង ក៏ជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕


ដោយ សួស សំរិត





