ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះសំណាលជាមួយគ្រួសារកងទ័ពនិងពលករ ដែលបានត្រឡប់មកពីប្រទេសថៃ
AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យ កសិកម្ម និងជនបទ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព និងពលករទើបត្រឡប់មកពីថៃកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តមសមាជិកព្រឹទ្ធសភា លោកជំទាវ អ្នកតំណាងរាស្រ្ត លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង អាជ្ញាធរក្រុង សង្កាត់ផងដែរ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីប្រមុខរារដ្ឋាភិបាលបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋនិងពលករភៀសឹកមកពីប្រទេសថៃនិងកំពង់ចាកចេញពីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយសៀមឈ្លានពាន។ ការអោយទទួលបាននៅភាពកក់ក្តៅ ទាំងស្នាក់នៅ សម្លៀកបំពាក់និងការហូបចុក។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទំាងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារ្យ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជា ថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជនភៀសសឹក ពលករ ពលការនីដែលបានត្រឡប់ពីប្រទេសថៃកំពុងត្រូវការជំនួយជាចាំបាច់។ បច្ចុប្បន្ន មានរោងចក្រ សហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារទាំងនៅក្នុងខេត្ត និង នៅភ្នំពេញ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ដែលជាការគិតគូរ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីអមដំណើរ ក្រុមការងារ និងសប្បុរសជនបានឧបត្ថម្ភជួយដល់កម្មករ កម្មការានី និងគ្រយសារកងទ័ពចំនួន៥៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស ឃីតមួយកញ្ចប់ និងថវិកា ១០០០០០រៀលដោយលែកលោកជំទាវ ជូ ប៊ុនអេង បានឧបត្ថម្ភបន្ថែម៥០០០០រៀលទៀតក្នុងមួយគ្រួសារ៕

ដោយ៖ បៃ ស៊ីថុន





