ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកកោះអណ្ដែត ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត ខេត្តតាកែវ បានរៀបចំពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនពលករដែលទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃជិត៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកកោះអណ្ដែត និងបងប្អូនពលករវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ។

មានប្រសាសន៍សំណេះសំណាលក្នុងពេលនោះ ឯកឧត្តម វ៉ី សំណាង បានប្រាប់បងប្អូនពលករទាំងអស់ កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការស្វែងរកការងារធ្វើនៅក្នុងស្រុក។ ព្រោះគ្រាន់តែស្រុកកោះអណ្ដែតមួយមានរោងចក្រទើបតែនឹងបើកថ្មីចំនួន៦រោងចក្រ និងត្រូវការកម្មករបម្រើការងារចំនួនជាង១ពាន់នាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីយើងមានជម្លោះជាមួយប្រទេសថៃ មានបងប្អូនពលករខ្មែរនៅប្រទេសថៃបានវិលត្រឡប់មកប្រទេសវិញជាច្រើន។បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន និងបានធ្វើការទាក់ទងជាមួយបណ្ដាក្រុមហ៊ុននានានៅក្នុងខេត្ត ដើម្បីស្វះស្វែងរកការងារជូនបងប្អូនពលករទាំងអស់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍ថា សម្រាប់ខេត្តតាកែវរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនរកស៊ីចំនួន៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង៩៧លានដុល្លាអាមេរិក។ គម្រោងវិនិយោគនេះបានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួនទៀតកំពុងតែដាក់សំណើចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា មូលហេតុដែលខេត្តតាកែវទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តតាកែវមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ជាពិសេសអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់បែបយ៉ាងជូនអ្នកវិនិយោគ៕
ដោយ អ៊ុច សៀង





