ឯកឧត្តម អ៊ុន ចាន់ដា៖ យើងរួមគ្នាការពារព្រៃឈើ និងដាំដុះឡើងវិញ ព្រោះព្រៃឈើគឺជាសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ
AKP កំពង់ចាម ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ថ្លែងក្នុងឱកាសចុះទៅពិនិត្យកូនឈើប្រណីតជិត១ពាន់ដើម បានដាំដុះរួចរាល់ ក្នុងបរិវេណវត្តភ្នំព្រះវិហារ ស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់មនុស្សជាតិ និងសត្វដែលមានជីវិតនៅលើពិភពផែនដីយើងនេះ។ ដូចនេះយើងរួមគ្នាការពារព្រៃឈើនិងដាំដុះឡើងវិញ នៅសម្បត្តិមហាសាលសម្រាប់មនុស្សជាតិ សត្វមានជីវិត ពិសេសទុកសម្រាប់កូនចៅជំនាន់ក្រោយៗក្នុង ការបានទទួលផលនេះ។

ឯកឧត្តមអភិបាលខេត្តបានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់មើលថែទាំកូនឈើដែលទើបដាំដុះរួចរាល់នេះ ឱ្យបានជាប់ជាប្រចាំ រួមការដាក់បំប៉នជី ស្រោចទឹក ក៏ដូចជាការជួសឡើងវិញនូវរណ្តៅកូនឈើដែលបានងាប់ ដើម្បីឱ្យវាធំឡើងព្រមគ្នា ហើយត្រូវបំផុសស្មារតី ប្រជាពលរដ្ឋចេះស្រឡាញ់ ការពារព្រៃឈើ ព្រោះព្រៃឈើគឺជាសម្បត្តិមហាសាលរបស់មនុស្សជាតិ។

តាមការបញ្ជាក់របស់លោក ស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោមការផ្តួចផ្តើមឡើងដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តបតាមដំណើរនិមន្តបិណ្ឌបាត្ររបស់ព្រះគ្រូចៅអធិការវត្ត ភ្នំព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាននាំកូនឈើប្រណីតប្រមាណជិត១ពាន់ដើមដាំលើផ្ទៃដីទំហំ ជិត១ហិកតា ហើយត្រូវបានដាំបានរួចរាល់ មានកូនឈើចំនួនសរុប៨៥០ដើម ក្នុងនោះ មានក្រញូង១៥០ដើម ធ្នង់១៥០ដើម បេង១៥០ដើម គគីរ១៥០ដើម កកោះ១៥០ដើម រំដួល៥០ដើម និងដើមឆ័ត្រ៥០ដើម៕


ដោយ ឆាយ ម៉ុត





