កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
AKP កំពង់ធំ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីផ្សព្វផ្សាយសេចក្តីណែនាំការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (ឆ្នាំ២០២៦-២០២៨) ក្រោមអធិបតីភាពលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី វេត អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្តក្នុងគោលបំណង ទទួលបានការណែនាំបច្ចេកទេសឱ្យបានច្បាស់លាស់។

លោក លី វេត បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំនេះជាផ្នែកសំខាន់នៃផែនការអភិវឌ្ឍន៍ ឬសកម្មភាពជាក់ស្តែង និងពេលវេលាច្បាស់លាស់សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំព្រមទាំងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំស្របតាមក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលខេត្ត។

លោក លី វេត បញ្ជាក់ថា ដោយផ្អែកលើលទ្ធផលការងារដែលក្រុមការងារកសាងផែនការខេត្តបានខិតខំប្រមូលធាតុចូលតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក និងបានធ្វើការបូកសរុបតម្រូវតាមគម្រោងសកម្មភាពជាអាទិភាពទូទាំងខេត្ត។ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សាខេត្ត បានអនុម័តសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្នុងឆ្នាំ២០២៦-២០២៨ កន្លងទៅថ្មីៗនេះ ជាពេលវេលាសមស្របដែលក្រុមការងារត្រូវបន្តដំណើរការទៅតាមជំហានគឺ “ការបញ្ចប់ជំហានទី១ និងការចាប់ផ្តើមសកម្មភាពទី១ នៃជំហានទី២៖ រៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល”។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានអំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ទាំងអស់ បង្កើនការទទួលខុសត្រូវ យកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់ក្រុមការងារកសាងផែនការ ដើម្បីធានាថាការរៀបចំកម្មវិធីវិនិយោគនេះសម្រេចបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ដោយ ស៊ុម វណ្ណា





