ឯកឧត្តមបណ្ឌិត សួង ណយ ដឹកនាំវេទិកាសាធារណៈដើម្បីជំនួបធុរកិច្ច រវាងអ្នកទិញលក់គ្រាប់ស្វាយចន្ទី និងផលិតផលសម្រេច
AKP កំពង់ធំ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំ TVET ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានដឹកនាំវេទិកាសាធារណៈ ដើម្បីជំនួបធុរកិច្ច រវាងអ្នកទិញលក់គ្រាប់ស្វាយចន្ទី និងផលិតផលសម្រេចដែលបានរៀបចំដោយសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាង អនុប្រធានក.ស.វ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមការងារស្វាយចន្ទីសម្តេចធិបតី តំណាងសហគមន៍កសិកម្មទាំង៤៥មកពី៤ខេត្ត គឺក្រចេះ ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ តំណាងក្រុមហ៊ុនសហគ្រាសទាំង១៦ តំណាងក្រុមហ៊ុនជប៉ុន បារាំង ក្រុមហ៊ុនអាមេរិក ចិន អាល្លឺម៉ង់ និងក្រុមហ៊ុនម៉ុងហ្គោលី តំណាងដៃគូ EU-GERMAN Capsafe, HEKS, ASCEP, WCS, Oxfam, Pearl-FAO ស្ថាប័នហិរញ្ញវត្ថុរួមមានដូចជា ARDB, SMEB, Sathapana Bank, Wing Bank និង KE។

ឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់ សុទ្ធតែបានចរចាទិញលក់ ផលិតកម្មតាមកិច្ចសន្យា និងប្ដេជ្ញាប្រឹងប្រែងធ្វើការងារបន្តក្នុងគោលបំណងទប់លំហូរគ្រាប់ឆៅ៣០%មិនឱ្យចាល់លើទីផ្សារដោយប្រើយន្តការទិញស្តុក និងកែច្នៃជាផលិតផលកែច្នៃ ដើម្បីទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសដោយផ្ទាល់។

ឯកឧត្តមបណ្ឌិតបានលើកឡើងបន្ថែមទៀតថា ដើម្បីដំណោះស្រាយការខ្វះខាតទុនបង្វិល ត្រូវបង្កើតគំនិតផ្ដួចផ្ដើមថ្មីមួយ គឺបំផុសឱ្យអ្នកដាំ និងអ្នកប្រមូលទិញស្តុក ទិញគ្រាប់ស្វាយចន្ទីនាំចេញ យកគ្រាប់ស្វាយចន្ទីមកចូលជាភាគហ៊ុន ជាមួយសហគ្រាសកែច្នៃ ដើម្បីចែកផលចំណេញ។ គំនិតផ្តួចផ្តើមមួយនេះត្រូវបានសារទរដែលមិននឹកស្មានដល់ ហើយពួកគាត់ក៏បានចាប់ផ្ដើមទាក់ទងគ្នាចូលហ៊ុនជាគ្រាប់ស្វាយចន្ទី អ្នកខ្លះរហូតដល់១០តោន៕

ដោយ ស៊ុម វណ្ណា





