អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តទទួលជំនួយ និងឧបត្ថម្ភដល់គ្រួសារកងទ័ព
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព ពលករទើបត្រឡប់មកពីថៃ និងគ្រួសារជួបការលំបាក ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អមដំណើរដោយ លោក លោកស្រី ក្រុមការងារ និងសប្បុរសជនជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា កងកម្លាំងទ័ពរបស់យើងដែលលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀម។ ពួកយើងខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វីរយុទ្ធជន វីរនគរបាលជាតិ ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា សម្រាប់ការផ្ដល់ឱកាសការងារ និងទទួលបងប្អូនពលករ គ្រួសារកងទ័ព ជនភៀសសឹក អាជ្ញាធរខេត្តត្រៀមលក្ខណៈរួចជាស្រេចចូលរួមឧបត្ថម្ភគាំទ្រដល់គ្រួសារកងទ័ព ជនភៀសសឹក ពលករចេញពីប្រទេសថៃ និងតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមជាមួយរដ្ឋបាលខេត្តជួយឧបត្ថម្ភ ជាថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។

ផ្អែកលើបរិបទនេះ ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និងមន្ត្រីអមដំណើរបានផ្ដល់អំណោយ ដល់គ្រួសារកងទ័ព ពលករ ជនភៀសសឹក គ្រួសារជួបការលំបាកសរុបចំនួន៣០នាក់ ក្នុងម្នាក់ទទួលបានអង្ករចំនួន៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ២យួរ និងថវិកាមួយចំនួនផងដែរ៕

ដោយ បៃ ស៊ីថុន





