អង្គការ CI៖ សត្វខ្លាពពកស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN មាននៅតំបន់ជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិវើនសៃ សៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ក្នុងទិវាខ្លាពពកអន្តរជាតិ ឆ្នាំ២០២៥ អង្គការ CI បានឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ថា សត្វខ្លាពពក (𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢) ជាខ្លាព្រៃទំហំមធ្យម ត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយសព្វថ្ងៃឃើញមាននៅតំបន់ការពារនានាក្នុងប្រទេសកម្ពុជារួមមានតំបន់ជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិវើនសៃ-សៀមប៉ាងជាដើម។

សត្វខ្លាពពក (𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢) ប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបរបាញ់ ការបាត់បង់ទីជម្រកដោយសារការកាប់បំផ្លាញព្រៃឈើ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។

អង្គការអភិរក្សអន្តរជាតិ កម្ពុជា CI សហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធបាន និងកំពុងការពារតំបន់ទេសភាពចំនួនបួនសំខាន់ៗ រួមមានតំបន់ជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃព្រៃឡង់ និងបឹងទន្លេសាបដែលជាទីជម្រកសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទរួមទាំងសត្វខ្លាពពកផង តាមរយៈការគាំទ្រផ្នែកជំនាញបច្ចេកទេស តាមដានស្រាវជ្រាវ ផ្សព្វផ្សាយជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ជាដើម។

ចូរយើងរួមថែរក្សាសត្វខ្លាពពក និងជីវៈចម្រុះដទៃទៀតតាមរយៈគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វព្រៃ មិនជួញដូរសត្វព្រៃ និងមិនកាប់បំផ្លាញព្រៃឈើ ដើម្បីធានាបាននូវអនាគតមួយដែលមនុស្ស និងធម្មជាតិរស់នៅជាមួយគ្នាដោយសុខដុមរមនា៕

ដោយ ណយ នឿន





