ម៉ាឡេស៊ី បង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិនិងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥--អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តន៍បទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ ឱ្យបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក្នុងឱកាសដែលឯកឧត្ដម និងប្រតិភូកម្ពុជាបានជួបជាមួយឯកឧត្ដម នាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ Mohamed Nizam បានបញ្ជាក់ឃ្លាមួយដ៏មានអត្ថន័យ "Peace is expensive." (សន្តិភាពមិនអាចកាត់ថ្លៃបាន) "Life is precious," (ជីវិតពិតជាមានតំលៃ ) "Time is of the Essence," (ពេលវេលាពិតជាសំខាន់)។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនេះ គឺស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា "មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន និង “កាន់តែឆាប់កាន់តែល្អ" ។

បើតាមឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា កិច្ចប្រជុំ រយៈ៣ថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ទន្ទឹមនេះ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ហើយដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា៕


ដោយ៖ រិទ្ធី





