សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ គឺជាកត្តាសំខាន់របស់ប្រជាជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងឯកភាពជាតិ របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក។
នៅលើបណ្តាញសង្គមផ្លូវការនាយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចធិបតីបានឱ្យដឹងថាសម្តេចមានការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទារឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។
សម្តេចធិបតីបានមានប្រសាសន៍ថា »ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម»។
សម្តេចធិបតីក៏បានបញ្ជាក់ពីជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ ឱ្យបានឆាប់រហ័ស។ ថ្ងៃស្អែកទី០៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ កក្កដា ២០២៥កន្លងទៅ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សជាទីបំផុត៕




ដោយ នីកា





