សម្ដេចតជោ ហ៊ុន សែន៖ កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឱ្យថៃទេ តែសូមកុំឱ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥--
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឱ្យថៃទេ តែសូមកុំឱ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី០ ៦ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ គឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឱ្យថៃ ការផ្តល់ដ្រូនពី ចិនឱ្យកម្ពុជា និងការលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូងឱ្យថៃ ដើម្បីធ្វើឃាតលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរ គឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សម្ដេចតេជោបន្តថា បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយ ឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ សម្តេចតេជោបានបញ្ជាក់ថា៖ «ដូចនេះខ្ញុំសូមធ្វើការបកស្រាយ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះ ទោះកម្ពុជា ឬថៃ បានមកពីប្រភពណា ក៏សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់ និងជំរុញឱ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនឹងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយ ក៏មេដឹកនាំថៃមិនទាន់ឈានដល់កម្រិតអត់គុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និង ហ៊ុន ម៉ាណែត នោះដែរ»។

សម្ដេចតេជោបានគូសបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាម តែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖«កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែន វាច្បាស់ជានិងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត រាប់ម៉ឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាម ដែលវានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។» សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ។ សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឱ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាម៉េរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។
សម្តេខតេជោក៏បានអះអាងបន្ថែមថា៖ «កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឱ្យថៃទេ តែសូមកុំឱ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ»៕
ដោយ៖ ជឹម ណារី





