សម្តេចកិត្ដិសង្គហបណ្ឌិតម៉ែន សំអន ផ្ដល់ការលើកទឹកចិត្តគ្រួសារវីរកងទ័ពដែលរត់រួចពីការចាប់ខ្លួនរបស់ទ័ពសៀម ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដ និងចុះជួបសួរសុខទុក្ខលោកស្រី សឿន សោភា ដែលត្រូវជាភរិយាលោកព្រិន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥។
លោកព្រិន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅវរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨យោធភូមិភាគទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ ហើយក៏ជាទាហានខ្មែរ១រូប ដែលបានគេចខ្លួនរួច។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារ លោកស្រី សឿន សោភា ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានលើកទឹកចិត្តដល់លោកស្រី សឿន សោភា សូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។ រាជរដ្ឋាភិបាលមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចាពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ពខ្មែរទាំង១៨រូប អាចត្រឡប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។


លោកស្រី សឿន សោភា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដល់សម្តចតេជោ សម្តេចធិបតី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុក្ខដាក់ចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះ និងបានសំណូមពរឱ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពរពោះកូន៤ខែផងដែរ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១១លាន ៦៥ ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី សឿន សោភា គ្រួសារលោកព្រិន្ទបាលទោ នៃ សុភក្រ្ត ផងដែរ៕
ដោយ សួស សំរិត





