ឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីចុងខែនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំគណៈប្រតិភូ និងវិស័យឯកជនកម្ពុជា ទៅប្រទេសអូស្រ្តាលីនៅចុងខែសីហាខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលរបស់កម្ពុជា សំដៅដល់ការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយឯកឧត្តម Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារត្រៀមសម្រាប់រៀបចំដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia) ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២៥ខាងមុខ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងសមាគមឧកញ៉ាកម្ពុជា។
យោងតាមហ្វេសប៊ុករបស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហាខាងមុខនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេស។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នឹងដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនពីកម្ពុជា ចេញទៅធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា សំដៅបញ្ជ្រៀបការយល់ដឹងដល់វិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។
គួរបញ្ជាក់ដែរថា ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕
ដោយ៖ ស្រីពេជ្រ





