ក្រសួងការពារជាតិ ច្រានចោលទាំងស្រុងចំពោះសារព័ត៌មានថៃដែលបានផ្សាយប្រឌិតថាទាហានខ្មែរម្នាក់លាក់ខ្លួននៅថៃដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥--លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះសារព័ត៌មានថៃដែលបានផ្សាយប្រឌិតថាទាហានខ្មែរម្នាក់លាក់ខ្លួននៅថៃដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការផ្សាយរបស់សារព័ត៌មានថៃ គ្មានមូលដ្ឋាន បង្កើតសាច់រឿងគ្មានភស្តុតាង មិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជា។
ទន្ទឹមនេះ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ថា «ថៃបានផ្សាយព័ត៌មានមិនពិតដោយប្រឌិតលើកឡើងថា ប៉ូលិសខេត្តប៊ុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់មកពីវិទ្យាការដ្ឋានអង្គរក្សហៅកាត់ថា BHQ នឹងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា»។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនអនុញ្ញាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួនបែបក្នុងរូបដែលខាងភាគីថៃបានបង្ហាញចូលប្រើការក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងជាដាច់ខាត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្នើភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សាយព័ត៌មានមិនពិត ប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ដែលបង្ហាញពីភាពគ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕
ដោយ៖ គង់ សិរីរ័ត្ន





