វត្តពោធិ៍៥០០០ដើម ស្ថិតនៅខេត្តព្រះវិហារ មានជនភៀសសឹកក្នុងជម្លោះកម្ពុជា-ថៃ ច្រើនបំផុត ដែលកំពុង ស្នាក់នៅបណ្ដោះអាសន្នមានរហូតដល់ជិត២ម៉ឺននាក់ ក្នុងនោះកុមារជាង៦ពាន់នាក់
AKP ព្រះវិហារ ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៥
មណ្ឌលវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ កំពុងទទួលជនភៀសសឹកដោយសារតែជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃឈ្លានពាន ដែលរហូតមមកដល់ពេលនេះមានពលរដ្ឋជាជនភៀសសឹកសរុបចំនួន ១៩ ៣៣១នាក់ ក្នុងនោះ កុមារជាង ៦ ០០០ នាក់។

លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ក្នុងវត្តពោធ៍៥០០០ដើមនេះគឺបានទទួលបងប្អូនជនភៀសសឹកចាប់តាំងតែពីថ្ងៃទី ០៨ ខែមិថុនា រហូតមកដល់ដើមខែសីហានេះតែម្តង។ លោកបន្ដថា សម្រាប់ថ្ងៃដែលប្រជាពលរដ្ឋ សម្រុកមកច្រើនបំផុតនោះគឹថ្ងៃដែលកងទ័ពថៃបានផ្ទុះអាវុធរំលោភបំពានព្រំដែនកម្ពុជាចាប់តាំងតែពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៥មកតែម្តង។ លោកអភិបាលរងខេត្ដបានបញ្ជាក់ថា៖ «គិតរហូតមកដល់ពេលនេះមានបងប្អូនជនភៀសសឹកដែលមកជ្រកកោននៅខេត្តព្រះវិហារនេះមានសរុបចំនួន ១៥កន្លែង ក្នុងចំណោមនេះនៅមណ្ឌលវត្តពោធ៍៥០០០ដើមនេះ ច្រើនជាងគេ។ មកដល់ពេលនេះមានជនភៀសសឹកបន្តស្នាក់នៅសរុប ៥ ៣៣១គ្រួសារ ដែលមានប្រជាពលរដ្ឋរួម ១៩ ៣៣១ នាក់ក្នុងនោះមានកុមារជាង៦ពាន់នាក់ផងដែរ»។

បើតាមលោក សុខ សាន្តតារ៉ា ជនភៀសខ្លួនភាគច្រើនមកពីស្រុកជាំក្សាន្ត ហើយសម្រាប់ស្រុកជាំក្សាន្តមាន៨ឃុំនិងមាន៧ឃុំហើយ ដែលពលរដ្ឋបានជម្លៀសខ្លួនដោយសារការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃចាប់តាំងតែពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ។ លោកអភិបាលរងអះអាងថា មានតែឃុំមួយប៉ុណ្ណោះដែលស្ថិតនៅជិតក្បែរស្រុកត្បែងមានជ័យខេត្តព្រះវិហារដែលពលរដ្ឋមិនបានចាកចេញពីលំនៅឋាន។ លោកបានបញ្ជាក់បន្ថែមថា៖ «ពួកគាត់ភាគច្រើមកពី៧ឃុំ ក្នុងក្នុងចំណោម៨ឃុំ ក្នុងស្រុកជាំក្សាន្ត ក្នុងនោះ មាន៦ភូមិ ដែលប្រជាជនរត់មកស្ងាត់ភូមិ ដូចជាភូមិមរកត បុស្សស្បូវ មុំបី អានសេះជាដើម»។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ដព្រះវិហារបានឱ្យដឹងទៀតថា ដោយឡែកកាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២៥ មានពលរដ្ឋជនភៀសសឹកបានគំហុកសម្រុកមកច្រើនម្តងទៀតដោយសារតែកងទ័ពថៃមានបំណងឈ្លានពានទឹកដីកម្ពុជាម្តងទៀតរួចមក។ លោកបានបន្ដទៀតថា បរិមាណនៃជនភៀសសឹក បានថមថយបន្តិច បន្ទាប់ពីមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែនៅថ្ងៃទី០៣ ខែសីហា បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលប៉ាន់ស្មានថា ទាហានថៃកំពុងរៀបចំផែនការវាយប្រហារកម្ពុជាជាថ្មី ហើយបរិមាណនេះពិតជាមានសន្ទុះខ្លាំងពិតមែននៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្ដបានលើកឡើងផងដែរថា៖ «ចំពោះស្បៀងអាហារ និងទីសុវត្ថិភាពវិញ ខាងខេត្តបានរៀបចំចែកស្បៀងអាហារ សង់បង្គន់អនាម័យជាង២០០បន្ទប់ និងទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ បានយ៉ាងល្អ។តាមរយៈជំនួយពីសប្បុរសជននានា ការចែកស្បៀងអាហារដល់ជនភៀសសឹក គឺបានគ្រប់គ្រាន់ និងច្រើនលើកច្រើនសារផងដែរ»៕

ដោយ៖ មករា រូបថត៖ សំ សាម៉ន





