ឯកឧត្តម គង់ ច័ន្ទវាសនា នាំស្បៀងជូនជនភៀសសឹកនៅស្រុកព្រះនេត្រព្រះ និងអំពាវនាវឱ្យពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន១២៦គ្រួសារ នៅក្នុងស្រុកព្រះនេត្រព្រះ ដែលបានរងផលប៉ះពាល់ដោយសារការបង្កហេតុ និងឈ្លានពានរបស់ភាគីថៃ ដោយពិធីនេះក៏មានការចូលរួមពីឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងឃុំជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ជ្រាលជ្រៅពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងពីឯកឧត្តម ឌិត ទីណា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងថា «រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ អំណោយដែលបានចែកជូននៅថ្ងៃនេះ គឺគ្រាន់ជាការជួយសម្រាលការលំបាកមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការយកចិត្តទុកដាក់ និងភាពកក់ក្ដៅដែលរាជរដ្ឋាភិបាលផ្ដល់ជូនបងប្អូន។»

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាស្បៀងជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមបានបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់ សូមមេត្តាមានការអត់ធ្មត់ និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការការពារអធិបតេយ្យភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ប្រកបដោយសន្តិវិធី និងប្រសិទ្ធភាពខ្ពស់។»

ជាការឆ្លើយតប ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គង់ ច័ន្ទវាសនា និងក្រុមការងារ ដែលបានចុះមកជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ «ក្នុងនាមរដ្ឋបាលខេត្ត យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងផ្តល់ការគាំទ្រចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ឱ្យទទួលបាននូវភាពកក់ក្តៅ និងសុវត្ថិភាពល្អប្រសើរក្នុងពេលស្នាក់នៅទីនេះ។ ខ្ញុំសូមជម្រាបជូនដល់វីរយុទ្ធជននៅសមរភូមិមុខថា ពួកគាត់អាចមានជំនឿចិត្តពេញលេញថាក្រុមគ្រួសាររបស់ពួកគាត់នៅក្នុងទឹកដីយើងនេះមានសុវត្ថិភាព និងទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានយ៉ាងកក់ក្តៅ។»

ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានលើកឡើងពីកិច្ចសហការដ៏ល្អរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះមូលដ្ឋាន ដែលធ្វើឱ្យកិច្ចការងារមនុស្សធម៌នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។ ទាំងឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម អ៊ុ រាត្រី សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ឈុន សារ៉ាត





