ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ ខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្លាំងពលកម្មជាង៦ម៉ឺននាក់ឱ្យចូលធ្វើការនៅតាមបណ្តារោងចក្រសហគ្រាស
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ខេត្តកំពង់ស្ពឺបាន និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញនូវការត្រេកអរគ្រាដែលឃើញបងប្អូនជាពលករបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតរបស់បងប្អូនដែលជាឱកាសក្នុងការជួបជុំកូនចៅនិងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះដែរ បងប្អូនអាចធ្វើការនៅក្នុងស្រុកខ្លួនឯងដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាកស្រុកទៀតទេ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ក្នុងការរៀបជាតារាងបង្ហាញពីបណ្តារោងចក្រសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ហើយបញ្ជូនព័ត៌មានទាំងនោះឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាសដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់។ទន្ទឹមនឹងការកើនឡើងរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បាន និងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀតផងដែរ ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលធ្វើយ៉ាងណាផ្តល់លក្ខណ:ងាយស្រួលលើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីពួកគាត់ចង់ឱ្យកូនៗបានចូលរៀនវិញនៅស្រុកកំណើត។ ចំពោះយុវជន យុវនារីដែលបានបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សា ចង់រៀន និងចាប់យកជំនាញបច្ចេកទេសផ្ទាល់ខ្លួន ក្រសួងការងារតាមរយ:រដ្ឋបាលខេត្តក៏មានសាលាឱ្យរៀន និងស្នាក់នៅផងដែរដោយឥតគិតថ្លៃ ជាងនេះសម្រាប់សិស្សនិស្សិតមកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏មានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលបន្ថែម ហើយក្រោយរៀនចប់ក្រសួងក៏ដូចរដ្ឋបាលខេត្ត និងរកការងារឱ្យធ្វើផងដែរ៕
ដោយ លឹម សាន្ត





