ឯកឧត្ដម ភួង សោភា ចុះសួរសុខទុក្ខ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋ៧៥គ្រួសារ ដែលជម្លៀសខ្លួនពីតំបន់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥--ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ គង់ សុធីរី កាលពីថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋទាំង៧៥គ្រួសារនេះកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីកន្លែងមានសុវត្ថិភាព ក្នុងបរិវេណវត្តប្រាសាទភាស ស្ថិតនៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក។ ការចុះសួរសុខទុក្ខនេះគឺដើម្បីផ្ដល់កម្លាំងចិត្ត និងដោះស្រាយបញ្ហាមួយចំនួនរបស់ពួកគាត់ ក្នុងអំឡុងពេលដ៏លំបាកនេះ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្ដម ភួង សោភា ក៏បានផ្ដល់ជំនួយជាសម្ភារ និងថវិកាដល់គ្រួសារនីមួយៗផងដែរ។ អំណោយដែលបានចែកជូនរួមមាន សាប៊ូ ចំនួន៥០០ដុំ សារុងចំនួន៨០ និងថវិកាសរុបចំនួន៣.៧៥០.០០០ រៀល។

ការចុះជួបសំណេះសំណាលផ្ទាល់របស់ឯកឧត្ដម ភួង សោភា មិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ វត្តមានរបស់ឯកឧត្ដម និងក្រុមការងារ ដូចជាឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន។

បច្ចុប្បន្ន ប្រជាពលរដ្ឋដែលជម្លៀសខ្លួនកំពុងរង់ចាំស្ថានភាពវិលត្រឡប់មកប្រក្រតីវិញ ដើម្បីអាចទៅកាន់លំនៅឋានដើមរបស់ខ្លួន។ ទន្ទឹមនឹងនេះ ការគាំទ្រ និងការជួយឧបត្ថម្ភជាបន្តបន្ទាប់ពីសំណាក់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធនៅតែជាក្ដីសង្ឃឹមដ៏សំខាន់សម្រាប់ពួកគេ៕
ដោយ ឈុន សារ៉ាត





