ស្ថានទូតជប៉ុនប្រកាសបដិសេដចំពោះព័ត៌មានដែលថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥--ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ស្ថានទូតជប៉ុន សូមប្រកាសបដិសេដចំពោះការលើកឡើង ឬព័ត៌មាននេះគឺមិនពិតទេ។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។

ស្ថានទូតជប៉ុនបានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ «ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ»។ នេះគឺជាការលើកឡើងបន្ថែមរបស់ស្ថានទូតជប៉ុន។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមស្ថានទូតជប៉ុនបានបន្ថែមថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់»៕
ដោយ៖ រិទ្ធី





