រដ្ឋបាលស្រុកបារាយណ៍បន្តចុះចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំត្នោតជុំ
AKP កំពង់ធំ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ឃន ចាន់ថៃ បានលើកទឹកចិត្តដល់គ្រួសារភៀសសឹក និងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ។ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយ កម្មករនឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។

លោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ និងសូមមានការជឿជាក់លើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែលើកទឹកចិត្ត និងចែកអំណោយដល់ភៀសសឹកគ្រប់ពេលវេលាទីណាមានទុក្ខលំបាកទីនោះមានសម្តចទាំង២គិតគូរដល់មូលដ្ឋាន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួន៕

ដោយ ស៊ុម វណ្ណា





