អាជ្ញាធរខេត្តកំពង់ឆ្នាំងជួបសំណេះសំណាលជាមួយពលករដែលត្រឡប់ពីប្រទេសថៃ
AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹក ជាពិសេសបងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើននៅក្នុងប្រទេសកម្ពុជា។ លោកអភិបាលរងបានមានប្រសាសន៍ដូច្នេះ នៅទីតាំងចំណតរថយន្តខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អមដំណើរដោយថ្នាក់ដឹកនាំ សហជីព និងក្រុមការងារជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា បងប្អូនពលករទាំងអស់ដែលទើបមកពីប្រទេសថៃ សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការស្វែងរការងារធ្វើបន្តទៀត ដែលបច្ចុប្បន្ន មានរោងចក្រ សហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារទាំងនៅក្នុងខេត្ត និងនៅភ្នំពេញ។ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាការគិតគូររបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកបានបន្តថា ការផ្ដល់ឱកាសការងារ និងទទួលបងប្អូនពលករ ជនភៀសសឹក អាជ្ញាធរខេត្តត្រៀមលក្ខណៈរួចជាស្រេច ចូលរួមឧបត្ថម្ភគាំទ្រដល់ពលករ ជនភៀសសឹក ចេញពីប្រទេសថៃ និងតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាពដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។

ក្នុងបរិបទនេះ លោកអភិបាលរងបានបញ្ជាក់ទៀតថា ពួកយើងខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វីរយុទ្ធជន វីរនគរបាលជាតិ ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

លោកអភិបាលរង មន្ត្រីអមដំណើរ ក្រុមការងារ និងសប្បុរសជនបានឧបត្ថម្ភជួយដល់កម្មករចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២ការ៉ុង មី២កេស ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ស្ករស២គីឡូ អំបិល២គីឡូ ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





