លោកជំទាវ នេត្រ ភូម៉ារី បើកវវគ្គបណ្តុះបណ្តាលស្តីពី "តួនាទីស្ត្រី ក្នុងការថែរក្សា មរតកវប្បធម៌ដូនតា"
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីស្ត្រី ក្នុងការថែរក្សាមរតកវប្បធម៌ដូនតា» នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវរដ្ឋលេខាធិការ នេត្រ ភូម៉ារី បានលើកឡើងពីវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីស្ត្រី ក្នុងការថែរក្សាមរតកវប្បធម៌ដូនតា» ថា ពិតជាមានសារៈសំខាន់ដល់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំ ដែលត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និងចូលរួមលើកកម្ពស់វប្បធម៌ជាតិ ដោយក្តីមោទនៈ នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ លោកជំទាវក៏បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងជាទីបំផុតចំពោះវីរកងទ័ពកម្ពុជា ដែលបានពលី ពិការ និងរបួស ក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាក្ខន្ធរបស់វីរកងទ័ពបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





