ក្រសួងសង្គមកិច្ចពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ដំបូងស្ដីពីការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក.ស.ជ. បានដឹកនាំប្រតិភូក្រសួង ដើម្បីជួបប្រជុំពិភាក្សាកម្រិតបច្ចេកទេសសេចក្តីព្រាងរបាយការណ៍ដំបូងស្ដីពីការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការនៅកម្ពុជា។

ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កិច្ចពិភាក្សាចែកជាពីរក្រុម ដែលលោក អ៊ុង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានក្រុមការងារទី១ និងលោក នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើកទី២។ ជាលទ្ធផល កិច្ចប្រជុំបាន៖ ទី១. ឯកភាពចំពោះខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ និងទី២. សេចក្តីសម្រេច សេចក្តីព្រាងរបាយការណ៍នេះអាចដាក់ចូលរបៀបវារៈនៃកិច្ចប្រជុំអន្តរក្រសួង នៅពេលឆាប់ៗនេះ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាអក្សរសាស្ដ្រ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា សរុបចំនួន ៦៣នាក់ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





