អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាបានកត់សម្គាល់ដោយការរំខានចិត្តចំពោះរបាយការណ៍ដែលបានលើកឡើងដោយប្រព័ន្ធឃោសនារបស់ប្រទេសថៃមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥--ឯកឧតម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបានកត់សម្គាល់ដោយការរំខានចិត្តចំពោះរបាយការណ៍ដែលបានលើកឡើងដោយប្រព័ន្ធឃោសនារបស់ប្រទេសថៃមួយចំនួន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញអំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជាដែលបានប្រកាសឡើងដោយរដ្ឋាភិបាលថៃ ដែលវិធានការណ៍ ផ្លូវច្បាប់នេះគឺពុំមានមូលដ្ឋានអ្វីសោះឡើយ ហើយវាក៏បានបង្ហាញឱ្យឃើញនូវការប៉ុនប៉ងដោយចេតនាដើម្បីបង្វែងការចាប់អារម្មណ៍របស់សាធារណមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិពីនយោបាយអមិត្ត របស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយគ្មានមូលហេតុប្រឆាំងនឹងទឹកដីរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមអ្នកនាំពាក្យបានបន្តថា វិធានការណ៍ផ្លូវច្បាប់របស់ថៃនេះវាបានបង្ហាញឱ្យឃើញច្បាស់ថាគឺមាន គោលដៅក្នុងការបង្វែងការទិតៀនដែលកំពុងតែកើនឡើងស្តីអំពីការខូចខាតរបស់ប្រជាជនស៊ីវិល ការ រំលោភបំពានរបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងការមិនគោរពជាបន្តបន្ទាប់របស់ថៃចំពោះកិច្ចព្រមព្រៀងឈប់បាញ់។ ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា បណ្តាការចោទប្រកាន់ដែល ត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពផ្លូវច្បាប់របស់ថៃនេះ គឺពុំមានមូលដ្ឋានរឹងមាំឡើយ ដែលវាមានហេតុផលជានយោបាយ ពុំមានមូលដ្ឋានសម្រាប់ការជឿជាក់នោះទេ ដោយកម្ពុជាសូមបដិ សេធជាដាច់ខាតនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ហើយសូមធ្វើការអះអាងជាថ្មី ម្តងទៀតអំពីចំណុចគន្លឹះមួយចំនួន រួមមាន៖ ទី១. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមនូវការប្រទូសរាយនេះ ទេ។ ជម្លោះនៅតាមព្រំប្រទល់កន្លងមកថ្មីៗនេះគឺចាប់ផ្តើមឡើងដោយការទន្ទ្រានចូលរបស់យោធាថៃ និងការបាញ់ផ្លោងចូលមកក្នុងទឹកដីរបស់កម្ពុជា ដែលជាការរំលោភបំពានដោយផ្ទាល់មកលើអធិប
តេយ្យភាពរបស់កម្ពុជា។ ទី២. កម្ពុជាធ្វើសកម្មភាពនៅក្នុងសិទ្ធិស្វ័យការពារស្របច្បាប់របស់ខ្លួន ដោយ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបានធ្វើការឆ្លើយតបយ៉ាងសមស្របទៅតាមសកម្មភាពយោធារបស់ថៃ ហើយក៏មានភាពសមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលសំដៅ ការពារអធិបតេយ្យភាព រួមនឹងប្រជាជនស៊ីវិលរបស់ខ្លួនតែប៉ុណ្ណោះ។ ទី៣. កម្ពុជាពុំដែលយកពលរដ្ឋ ស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ការខូចខាតរបស់ពលរដ្ឋស៊ីវិលនៅក្នុងប្រទេសទាំងពីរគឺជាប្រការដ៏គួរឱ្យសោកស្តាយ ក៏ប៉ុន្តែការចោទប្រកាន់របស់ថៃគឺបានមើលរំលងនូវការការពិតដែលថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ប្រជាជនស៊ីវិលដែលជាការរំលោភបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ផ្ទុយពីកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាដែលបានគោរពដោយពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលបានយកពលរដ្ឋស៊ីវិលធ្វើជាគោលដៅនៃការវាយប្រហាររបស់ខ្លួនសោះឡើយ និង ទី៤. កម្ពុជាគឺនៅតែមានការតាំងចិត្តចំពោះសន្តិភាព ថ្វីដ្បិតមានការបន្តការបង្ករឿងរបស់ថៃក៏កម្ពុជានៅតែមានការតាំងចិត្តដ៏ពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់។ កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវការផ្សាយរាល់ព័ត៌មានមិនពិត រួមទាំងការបញ្ឈប់នូវសកម្មភាពអមិត្តប្រឆាំងកម្ពុជា ហើយវិលត្រឡប់មករកកិច្ចសន្ទនាប្រកបដោយស្ថាបនានៅក្នុងស្មារតីសន្តិសហវិជ្ជមាន និងសាមគ្គីភាពអាស៊ាន៕
ដោយ៖ ចាន់ សុភឿន





