ពិធីប្រគល់អំណោយរបស់សប្បុរសជនដែលជាបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋឃ្វីនស្លែនដ៍ ប្រទេសអូស្ត្រាលី តាមរយៈសមាគមខ្មែរ-អូស្ត្រាលីនៃរដ្ឋឃ្វីនស្លែនដ៍ ជូនដល់វីរកងទ័ពជួរមុខ និងចែកជូនដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក ព្រមទាំងគ្រួសារសពវរកងទ័ពដែលបានពលី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ កាលពីព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ បានដឹកនាំក្រុមការងារតំបន់ ៤ ទទួលបន្ទុកទីក្រុងប្រីសបិន រដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី នាំយកអំណោយ និងថវិកា សរុបចំនួន ១៥ ៦១៦ ដុល្លាអាមេរិក របស់សប្បុរសជន ដែលជាបងប្អូនខ្មែររស់នៅរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី តាមរយៈសមាគមខ្មែរ-អូស្ត្រាលីនៃរដ្ឋឃ្វីនស្លែនដ៍ ប្រទេសអូស្ត្រាលីទៅជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋខ្មែរភៀសសឹកដោយសង្គ្រាម ព្រមទាំងគ្រួសារសពវរកងទ័ពដែលបានពលីក្នុងសង្រ្គាមព្រំដែន។

អំណោយទាំងនោះបានបែងចែកជាបីទីតាំងគឺ តំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពដែលបានពលីក្នុងសមរភូមិ។

ទីតាំងទី១៖ តំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ អំណោយដែលបានឧបត្ថម្ភជូនដល់កងទ័ពរួមមាន អង្ករ មីខ្មែរ ទឹកត្រី ចង្ក្រានហ្គាស(តូច) និងថវិកា ដែលត្រូវនឹងថវិកាសរុប ៤ ៧៩០ ដុល្លាអាមេរិក។

ទីតាំងទី២៖ តំបន់ជនភៀសសឹកវត្តប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានប្រជាពលរដ្ឋភៀសសឹក សរុបចំនួន៣៤៤គ្រួសារ កំពុងស្នាក់នៅ។ អំណោយរួមមាន អង្ករ មី ទឹកត្រី សុីអុីវ និងថវិកា ដែលគិតជាថវិការសរុប ៩ ០២៦ ដុល្លារអាមេរិក។

ទីតាំងទី៣៖ គ្រួសារសពនៃវីរកងទ័ព អនុសេនីយ៍ឯក ស៊ីម គា ជាអតីតយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ លោកបានពលីជីវិតនាថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៥ នៅ “ទិសមុំបី”។ អំណោយរួមមាន អំណោយរួមមាន អង្ករ មី ទឹកត្រី ស៊ីអ៊ីវ និងថវិកា៕
ដោយ៖ គង់ សិរីរ័ត្ន





