មន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពក្លាហាន ដែលបានតស៊ូគ្រប់បែបយ៉ាងដើម្បីការពារមាតុភូមិកម្ពុជាយើង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពក្លាហាន ដែលបានតស៊ូគ្រប់បែបយ៉ាងដើម្បីការពារមាតុភូមិកម្ពុជាយើង។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលឯកឧត្តម និងនិងថ្នាក់ដឹកនាំក្រសួង ចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខនេះ ឯកឧត្តមសាស្រ្តាចារ្យបានសម្ដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ និងគោរពដឹងគុណជ្រាលជ្រៅចំពោះវីរភាពកងទ័ពទាំងអស់ ដែលបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន បង្ហាញពីភាពខ្លាំង រឹងមាំនៃកងទព័កម្ពុជា រួមជាមួយសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិខ្មែរទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យបានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយឈរលើប្រសិទ្ធភាពខ្ពស់។


ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាលបានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាលរបួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបានផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹក ដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





