ឯកឧត្តមថោ ជេដ្ឋា៖ ប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍន៍
AKPកំពង់ធំថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-+
ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានមានប្រសាសន៍លើកឡើងថាប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក ពលករនិងគ្រួសារកងទ័ពដែលបានធ្វើមាតុភូមិនិវត្តន៍ នៅស្រុកស្ទោងខេត្តកំពង់ធំនារសៀលថ្ងៃទី ០៥ខែសីហា ឆ្នាំ ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីដ្បិតយើងត្រូវការដូច្នេះ ក៏ប៉ុន្តែចោរសៀមតែងតែបង្កអរិភាពនិងទន្ទ្រានបង្កជាសង្គ្រាមឈ្លានពានយ៉ាងកម្រោលមកលើព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសតាមក្រវ៉ាត់ព្រំដែនជួរភ្នំដងរែកដែលធ្វើឱ្យមានការខូចខាតជាដំណំដល់ប្រាសាទបុរាណជាច្រើនដែលជាកេរដូនតារបស់យើងជាពិសេសប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងបានបង្កនៅទុក្ខលំបាកវេទនាដល់ជនស៊ីវិលស្លូតត្រង់និងកុមារ ហើយភាពលំបាកនិងទុក្ខវេទនាទាំងអស់នេះគឺជាទុក្ខវេទនារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈជាក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។


ទន្ទឹមនឹងនេះឯកឧត្តមបានលើកទឹកចិត្តដល់ពលករដែលតែងតែធ្វើការនៅស្រុកក្រៅសូមងាកមកធ្វើការនៅក្នុងមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ។យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ នឹង ទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុកជាជាងធ្វើការងារនៅប្រទេសថៃដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។

ឯកឧត្តមថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធារាសាស្ត្រស្អេកស្កះ ប្រជាពលរដ្ឋ ពលករ កសិករ អាចធ្វើការដាំដុះស្រែស្រូវចម្ការនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពជឿជាក់និងទំនុកចិត្តជាពិសេសបងប្អូនពលករអាចធ្វើការជាកម្មករនៅក្នុងមូលដ្ឋានស្រុកស្ទោងឬខេត្តកំពង់ធំជាមួយនឹងរោងចក្រធំៗជាច្រើនជាពិសេសរោងចក្រស្វាយចន្ទី ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារោងចក្រស្វាយចន្ទីធំជាងគេនៅក្នុងតំបន់ថែមទៀត ហើយត្រូវការកម្លាំងពលកម្មនិងពលករជាច្រើនកន្លែង។


សូមបញ្ជាក់ថានៅក្នុងឱកាសនេះមានគ្រួសារពលករនិងជនភៀសសឹកសរុបចំនួន២៩៩នាក់ ដែលក្នុងម្នាក់ៗទទួលបាននូវអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរសាច់ក្រក១គីឡូក្រាម ត្រីងៀត១គីឡូក្រាម និងថវិការ ២ម៉ឺនរៀល។ ដោយឡែកគ្រួសារយុទ្ធជនជួរមុខចំនួន១៧នាក់ ម្នាក់ៗទទួលបាននូវ គ្រឿងឧបភោគបរិភោគដូចគ្នានេះដែរព្រមទាំងថវិកាបន្ថែមចំនួន៤០ម៉ឺនរៀលពីប្រធានក្រុមការងារ៕
ដោយ៖ ស៊ុម វណ្ណា





