ឯកឧត្តម អភិបាលខេត្តព្រះសីហនុ សម្រេចលើសំណើសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារ:វេចខ្ចប់ និងសម្ភារ:បន្ទាប់បន្សំ ស្ថិតនៅក្រុងកំពង់សោម
AKP ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--
រសៀលថ្ងៃអង្គារទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅអគារលេខ F-1 ភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ។


តាមអនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ បានគាំទ្រគម្រោងសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារ:វេចខ្ចប់ និងសម្ភារ:បន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុនហ៊ីយឺង ភែកឃីជីង ខេមបូឌា ឯ.ក ដើម្បីចុះបញ្ជីជាគម្រោងវិនិ យោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមការចុះត្រួតពិនិត្យរបស់អនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ ក្រុមហ៊ុនបានធ្វើការសាងសង់អគាររួចរាល់ និងគ្រោងបំពាក់ម៉ាស៊ីននៅខែសីហា និងដំណើរការចង្វាក់ផលិតកម្មនៅខែកញ្ញា ឆ្នាំ២០២៥នេះ ។


ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការថ្លែង អំណគុណដល់អនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ ដែលបានចុះពិនិត្យលើ គម្រោងស្មើសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារ:វេចខ្ចប់ និងសម្ភារ:បន្ទាប់បន្សំគ្រប់ប្រភេទនៅក្រុងកំពង់សោម ហើយអនុគណ:កម្មាធិការវិនិ យោគរបស់យើងបានជួយសម្របសម្រួលនូវឯកសារគតិយុត្តនានាជូនក្រុមហ៊ុន ដែលមានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមដោយរលូនសម្រេចបានផ្លែផ្កានាថ្ងៃនេះ ដូច្នេះតាងនាម ឪ្យគណ:អភិបាលខេត្តព្រះសីហនុ សូមឯកភាពតាមសំណើររបស់អនុគណ:កម្មាធិការវិនិយោគខេត្តព្រះសីហនុ សម្រេចឪ្យបើកដំណើរការរោងចក្រផលិតកេសកាតុង នៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ៕

ដោយ៖ ងូ សុមុនី





