រដ្ឋបាលខេត្តកំពង់ចាមជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹក
AKP កំពង់ចាម ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនជនភៀសសឹក និងគ្រួសារកងទ័ពចំនួន១០៥គ្រួសារ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំយកនូវសាកសួរសុខទុក្ខពីឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខដល់គ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹក ដោយក្ដីអាណិតអាសូរជាទីបំផុត ត្រូវបង្ខំឱ្យបងប្អូនចាកចោលលំនៅឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន ក្នុងស្ថានភាពដែលតំបន់ព្រំដែនមានសភាពតានតឹង ហើយបានណែនាំដល់សាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព មកស្នាក់នៅបណ្តោះអាសន្ន ដើម្បីទទួលបានគ្រឿងឧបភោគបរិភោគគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថា នេះជាការលើកទឹកចិត្តផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងសប្បុរសជននានាជាមួយរដ្ឋបាលខេត្ត។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ សូមកោតសសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្ម ប្រមាណជាង ១៨,០០០ កន្លែង។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤យួរ កន្ទេល១ សាប៊ូ២ដុំ ឃីត១សម្រាប់ មុង១ ក្រមា១ និងថវិកា ៥០,០០០រៀលផងដែរ៕
ដោយ ឆាយ ម៉ុត





