ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី១៥របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៦ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥)។ ៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែកក្កដា ឆ្នាំ២០២៥ និង៦. បញ្ហាផ្សេងៗ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងបានធ្វើការពិភាក្សារបស់មន្ទីរ អង្គភាព ក្រុង ស្រុក នៃខេត្តព្រះសីហនុ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងផែនការសកម្មភាពរបស់មន្ទីរ អង្គភាព ក្រុង ស្រុកដែលបានអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ទន្ទឹមនឹងការងារបានល្អប្រសើរ យើងក៏ត្រូវតែបន្តការងារដោយអនុវត្តឱ្យបានកាន់ តែល្អថែមទៀតទៅតាមលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុក៏បានធ្វើការណែនាំទៅដល់គណ:បញ្ចាការឯកភាពរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសក្មេងទំនើង ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសថែមទៀតនោះ គឺភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគដែលមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រ។

ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងអំណគុណចំពោះរដ្ឋបាលក្រុង ស្រុក ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករបានចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពមូលនិធិមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភគាំទ្រទៅដល់រដ្ឋបាលក្រុង-ស្រុក ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីមានធនធាននាំយកអំណោយទាំងអស់នោះយកទៅប្រគល់ជូនវីរកងទ័ពនៅសមភូមិមុខ និងជនភៀសិករបស់យើងដែលកំពុងត្រូវការជំនួយជាបន្ទាន់ ហើយសកម្មភាពទាំងអស់នេះសរ បញ្ជាក់ថា សមរភូមិក្រោយផ្សាភ្ជាប់ជាមួយសមរភូមិមុខជានិច្ច ខ្មែរសាមគ្គី ខ្មែរឈ្នះ យើងជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជនកម្ពុជានៅតែបន្ត ដរាបណាការគំរាមកំហែងនៅតែមាន៕
ដោយ ងូ សុមុនី





