AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធុនធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕
ដោយ៖ AKP