សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃដែរ
AKP សៀមរាប ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥-- សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា មានសង្ឃដីកាថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃនិងយើងទាំងអស់គ្នា ដែលត្រូវការនូវការយកចិត្តទុក្ខដាក់ជួយ និងចែករំលែកគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយព្រះសង្ឃតែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលប្រជាពលរដ្ឋឡើយ។ សង្ឃដីការបស់សម្តេចបែបនេះបានធ្វើឡើង នៅក្នុងឱកាសចែកស្បៀងអាហារជូនប្រជាពលរដ្ឋភៀសសឹកជាង១ពាន់គ្រួសារ ស្ថិតនៅវត្តស្វាយលើ និងវត្តអូតាកុក ស្រុកស្វាយលើ ខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។


សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាបន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានកាតព្វកិច្ច និងមានសិទ្ធិការពារបូរណភាពទឹកដីរបស់យើង ហើយកម្ពុជាគ្រាន់តែចង់រក្សាការពារនូវអ្វីដែលជាកេរដូនតាខ្មែរដែលនៅសល់បច្ចុប្បន្នឱ្យស្ថិតស្ថេរគង់វង្សមិនចង់បានរបស់អ្នកណាទេ។ ជាក់ស្ដែងប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបញ្ចៀសមិនឱ្យមានកើតមានសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីប្រទេសជិតខាង គឺបង្ខំកម្ពុជាប្រើសិទ្ធិតបត ដើម្បីការពារទឹកដីរបស់ខ្លួន។


ពិតណាស់ សង្គ្រាមបានបង្កនូវវិនាសកម្មច្រើន មិនថាអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ យ៉ាងណាក៏ដោយ ញាតិញោមត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល។ សម្តេចក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាសប្បុរសជន ក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្ដីស្រឡាញ់ ជួយទុក្ខធុរៈគ្នាគ្រាដែលប្រទេសជាតិមានសង្គ្រាមបែបនេះ។

សូមបញ្ជាក់ថា អំណោយទាំងនេះបានមកពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតលោកជំទាវ ទៀង អេង ទៀសីហា លោកជំទាវអ្នកឧកញ៉ា មហាភក្តី គង់បញ្ញា និងសប្បុរសជនជាច្រើនទៀត៕
ដោយ ឃុត សៅ





