អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ថៃអំពីស្វ័យការពារវាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា ការលើកឡើងរបស់ថៃអំពីស្វ័យការពារវាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ ហើយចំពោះការលើកឡើងរបស់ភាគីថៃ ដដែលចំពោះការធ្វើអន្តរជាតូបនីយកម្មដើម្បីបំភាន់ការពិតរបស់កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមគូសបញ្ជាក់ថា សកម្មភាពនៃកិច្ចខិតខំប្រឹងប្រែងខាងផ្នែកការទូតរបស់ កម្ពុជាគឺមានភាពត្រឹមត្រូវ និងសមស្របទៅតាមច្បាប់។ ការគូសបញ្ជាក់របស់ឯកឧត្ដមអ្នកនាំពាក្យបែបនេះក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ជុំ សន្ទរី បានលើកឡើងថា សកម្មភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិគឺធ្វើឡើងដោយសុទ្ធចិត្ត ដើម្បីតម្លាភាព និងការត្រួតពិនិត្យជាពហុភាគី ពុំមែនជាការធ្វើអន្តរជាតូបនីយកម្មដើម្បីបំភាន់សាធារណមតិដូចការចោទប្រកាន់របស់ថៃនោះឡើយ។ ឯកឧត្ដមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ចំពោះការឆ្លើយតប និងការបំភ្លឺរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅនឹងការលើកឡើងមួយចំនួនរបស់ក្រសួងការបរទេសថៃនៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥នោះ ឯកឧត្តមបានថ្លែងឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្កាទៅនឹងការលើកឡើងដោយគ្មានមូលដ្ឋាន ហើយមានលក្ខណៈជាការបំភាន់សាធារណមតិ។ កម្ពុជាសូមធ្វើការអះអាងជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី ក៏ដូចជាយន្តការដែលដឹកនាំដោយអាស៊ាន ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបំភ្លឺថា ការលើកឡើងរបស់ថៃគឺជា ការបំភ្លៃការពិត ដែលតាមការពិតការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥កន្លងមកនេះ គឺបានចាប់ផ្តើមឡើងដោយសារកងទ័ពរបស់ថៃបានបើកការវាយប្រហារមកលើ កងទ័ពកម្ពុជាដែលកំពុងតែឈរជើងនៅក្នុងទឹកដីរបស់កម្ពុជាជាមុន គឺពុំមែនជាការឈ្លានពានរបស់កម្ពុជាទៅលើភាគីថៃសោះឡើយ។
ជាមួយគ្នានេះដែរឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងបន្ថែមថា៖ «កម្ពុជានឹងបន្តធ្វើការជាមួយអាស៊ាន ជាមួយអង្គការសហប្រជាជាតិ និងជាមួយបណ្តាដៃគូអន្តរជាតិនានា ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹង»៕
ដោយ៖ ចាន់ សុភឿន





