តំណាងអង្គទូតប្រចាំកម្ពុជា២២រូប តំណាងអង្គការសហប្រជាតិ និងអង្គការអន្តរជាតិ ៤រូប កំពុងចុះត្រួតពិនិត្យនៅតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិងកំពុងតែដឹកនាំបណ្ដាអង្គទូតបរទេសប្រចាំកម្ពុជា និងអង្គការអន្ដរជាតិ ចុះត្រួតពិនិត្យមួយដែលមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាអង្គទូត និងពីតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិមួយចំនួន ដែលក្នុងនោះ តំណាងអង្គទូតប្រចាំកម្ពុជាចំនួន២២រូប ដោយមានថ្នាក់ឯកអគ្គរដ្ឋទូតចំនួន១៥រូប និង តំណាងរបស់អង្គការសហប្រជាតិ និងអង្គការអន្តរជាតិចំនួន០៤រូប។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ដំណើរចុះត្រួតពិនិត្យនេះរួមមានការចុះត្រួតពិនិត្យនៅតាមតំបន់មួយចំនួនដែលបានរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់កងយោធាថៃ ក្នុងរយៈពេលកន្លងមកថ្មីៗ នេះក៏ដូចជាចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់យោធានៅក្នុងតំបន់ប្រតិបត្តិការសឹករងសំរោង ខេត្តឧត្តរមានជ័យ រួមទាំងនៅតំបន់ជនភៀសសឹកមួយចំនួនថែមទៀតផង៕


ដោយ៖ ចាន់ សុភឿន





