រដ្ឋបាលខេត្តកំពង់ស្ពឺបន្តទទួលអំណោយពីសប្បុរសជននានា
AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយពីសប្បុរសជននានា ដែលបានបន្តចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀង អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។

ឯកឧត្តមបណិតអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនកម្មករ កម្មការិនី និយោជិកសម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា លោក ឧកញ៉ា អ្នកឧកញ៉ា ដែលបានផ្តល់ឱ្យរដ្ឋបាលខេត្តជាបន្តបន្ទាប់សម្រាប់យកទៅចែកជូនកងទ័ពជួរមុខនិងជនភៀសសឹក។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កម្មករ កម្មការិនី រោងចក្រដានី បានផ្តល់ថវិកាចំនួន៦៥២,៥០០រៀល និងសម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា៤,០០០,០០០រៀល កម្មករនិយោជិកថ្នាក់ដឹកនាំរោងចក្រម៉ាកូស ថវិកា៣០០ដុល្លារ អង្ករ១តោន ទឹកសុទ្ធ៣០កេស មី៣០កេស លោកឧកញ៉ា ហួ សុជាតិ និងលោកជំទាវ ស៊ូ ដានី ឧបត្ថម្ភអាវរងាប្រុសសម្រាប់កងទ័ព ចំនួន១,០០០អាវ អាវយឺតស្រីចំនួន១,០០០ អាវឈុតក្មេងចំនួន១,០០០ឈុត ភួយចំនួន៣៥០ ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ថវិកាចំនួន៥,០០០,០០០ រៀល៕

ដោយ លឹម សាន្ត





