ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៧គម្រោងបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី១៨ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស។

បើតាមឯកឧត្តមរដ្ឋលេខាធិការ អង្គប្រជុំបានពិនិត្យលើគម្រោងដែលស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧គម្រោង រួមមាន÷ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១៧ គម្រោងថ្មីចំនួន៨ គម្រោងពង្រីក១ និងគម្រោងមានស្រាប់ចំនួន១ ដែលមានទុនវិនិយោគប្រមាណ២៨២លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ១ ៨១២កន្លែង។ គម្រោងទាំង២៧នេះមានគម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ត គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត គម្រោងសណ្ឋាគារ គម្រោងរមណីយដ្ឋានទេសចរណ៍ និង គម្រោងអគារពហុមុខងារ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និងដោះស្រាយបញ្ហា និង សំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព។

សូមជម្រាបជូនផងដែរថា តាមរបាយការណ៍របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ មានកំណើន១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺ វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ទំនុកចិត្តវិនិយោគនៅក្នុងខេត្ត៕

ដោយ ទូច វលក័្ខណ





