ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកយុទ្ធនាការបណ្តុះបណ្តាល “ការប្រើប្រាស់ FMIS Portal ជំនាន់ថ្មី” ជូនរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ចំនួន៤៤
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់ FMIS Portal ជំនាន់ថ្មី ជូនរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន៤៤” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន៤៤ សរុបប្រមាណ២០០រូប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាជាតិគយ។

ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចអំពីវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងដែលបានឈានដល់ដំណាក់កាលចុងក្រោយគឺ “គណនេយ្យភាពសមិទ្ធកម្ម”។ ការកសាងប្រព័ន្ធថវិកាទំនើបដែលឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នឹងមិនអាចសម្រេចទៅបាននោះទេ ដរាបណាមិនមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាជំនួយ។ ក្នុងន័យនេះ ការប្រើប្រាស់ប្រព័ន្ធ FMIS បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពជឿជាក់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក មន្រ្តីរាជការគ្រប់កម្រិត ដើម្បីចាប់យកបរិវត្តកម្មឌីជីថលសម្រាប់កិច្ចការប្រចាំថ្ងៃក្នុងការផ្តល់សេវាសាធារណៈនានា។

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ការប្រើប្រាស់ FMIS Portal ជំនាន់ថ្មី ដែលនឹងផ្តល់ភាពទន់ភ្លន់ និងងាយស្រួលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ជាពិសេស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ ១). ការផ្លាស់ប្តូរទម្រង់ថ្មី (New Forms) ដោយកាត់បន្ថយនូវផ្ទាំងបំពេញព័ត៌មានដែលមិនចាំបាច់ និង ភាពស្មុគស្មាញ ក្នុងការបញ្ចូលព័ត៌មាននៃប្រតិបត្តិការហិរញ្ញវត្ថុ។ ២). មានភាពស្រាលជាង ដែលនឹងកាត់បន្ថយពេលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់។ ៣). បំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ ស្របតាមស្តង់ដាបច្ចេកវិទ្យាជំនាន់ចុងក្រោយ និង៤). អ្នកប្រើប្រាស់ អាចប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ថ្មីនេះផង និងអាចប្រើប្រាស់ FMIS ស្នូល ដែលកំពុងប្រើប្រាស់សព្វថ្ងៃ ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារតាម FMIS លើនីតិវិធីចំណាយលើការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង នីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប នៅក្រសួង-ស្ថាប័នស្ទើរទាំងអស់ ព្រមទាំងនីតិវិធីចំណាយថវិកាចរន្ត និងនីតិវិធីបង្កើត ឬកែតម្រូវរជ្ជទេយ្យបុរេប្រទាន និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញ ជាមួយនឹងការប្រើប្រាស់ឯកសារជាក្រដាស។
ជាក់ស្ដែង ភាពស្មុគស្មាញ និងជំហានក្នុងការទូទាត់របស់ក្រសួង-ស្ថាប័ន និងអង្គភាពថវិកា ដែលបានអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ត្រូវបានកាត់បន្ថយនៅចំនួនកាន់តែតិចទៅៗ ការប្រើពេលកាន់តែខ្លី ជាមួយនឹងតម្រូវការនៃការប្រើប្រាស់ឯកសារជាក្រដាស ត្រូវបានកាត់បន្ថយនៅត្រឹមកម្រិតតិចតួចបំផុត។ ជាមួយគ្នានេះ ការអនុវត្តផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង បាន និងកំពុងជួយពង្រឹងប្រសិទ្ធភាពនៃការធ្វើប្រតិភូកម្មមុខងារត្រួតពិនិត្យថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ ទូច វលក័្ខណ





