និស្សិតនីតិសាស្ដ្រ២០០នាក់មកសិក្សាស្វែងយល់ការងារនៅរដ្ឋបាលរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ក្រុមនិស្សិតនៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញដែលជាផ្នែកមួយនៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងក្រៅសាលា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម។ ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការពារជាតិបូរណភាពទឹកដី។ ប្រទេសជាតិរីកចម្រើនគឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ស្របតាមឆន្ទៈដ៏មុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនត្រួសត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍ។ គឺបុរសម្នាក់នេះហើយដែលបានលះបង់អ្វីៗសព្វបែបយ៉ាងជូនប្រជាជន និងជាតិកម្ពុជាបានសុខសាន្ត និងការអភិវឌ្ឍ។ ប្អូនៗ និងក្មួយៗត្រូវដឹងថា តើប្អូនៗចាប់ផ្តើមចេញដំណើរពីប្រភពណា ហើយបន្តដំណើរទៅណា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅបរទេសជាច្រើននាក់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕

ដោយ សួស សំរិត





