ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនពលករចំណាកស្រុកមកពីប្រទេសថៃ និងប្រជាជនភៀសសឹកនៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មួយចំនួននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១០គ្រួសារ ដោយសារសង្គ្រាម ដែលបច្ចុប្បន្នបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឃុំដងកាំបិតស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាជនដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានភៀសសឹកមកកាន់ស្រុកកំណើតវិញ។ ជាមួយនោះដែរ ពលករដែលទៅធ្វើការនៅប្រទេសថៃ ក៏ត្រូវបានពួកជ្រុលនិយមថៃធ្វើទុក្ខបុកម្នេញ ធ្វើឱ្យបងប្អូនវិលត្រឡប់មកកាន់លំនៅឋានវិញផងដែរ។

ឧត្តមសេនីយ៍ទោបានបន្ថែមថា បច្ចុប្បន្ននេះដោយមានការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយមានការគាំទ្រពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនអាស៊ាន បានខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានភាពស្ងប់ស្ងាត់។ ហើយជាមួយនោះដែរ សេនានុព័ន្ធយោធាបណ្ដាប្រទេសមួយចំនួន ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិ បានមកត្រួតពិនិត្យបទឈប់បាញ់នេះនៅតាមព្រំដែនកម្ពុជា-ថៃផងដែរ។

ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលបានវិលត្រឡប់មកភូមិកំណើតវិញមានការឈឺចាប់យ៉ាងខ្លាំង និងបានថ្លែងការគោរពដឹងគុណមិនអាចរកអ្វីប្រៀបផ្ទឹមពុំបានចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យមានបទឈប់បាញ់នេះ ដែលមានការគាំទ្រពីអាស៊ាន និងពីសហគមន៍អន្តរជាតិ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក រួមជាមួយនិងតំណាងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ និងសូមគោរពជូនពរសម្តេចតេជោ ដែលជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពជារៀងដរាបតទៅ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកវិលមកពីប្រទេសថៃចំនួន១០គ្រួសារ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកសុទ្ធចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ទឹកពិសាបរិសុទ្ធចំនួន១កេស ថ្នាំពេទ្យ១កញ្ចប់ និងភួយដណ្ដប់ចំនួន១ផងដែរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ)





